រដ្ឋមន្ត្រីសុខាភិបាល
ចុះអន្តរាគមន៍បន្ទាន់
ក្រោយទឹកជំនន់លិចឃ្លាំងរក្សាឱសថស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ ចំពេលដែលទឹកជំនន់កំពុងបើកការវាយលុក និងកើនឡើងយ៉ាងគំហុកជន់លិចចូលឃ្លាំងរក្សាឱសថនៃការិយាល័យសុខាភិបាលស្រុកមង្គលបូរី ក្រុមការងារបច្ចេកទេសសហការជាមួយអាជ្ញាធរមូលដ្ឋាន បានប្រញាប់ប្រញាល់លើកដាក់ និងដឹកជញ្ជូនឱសថព្រមទាំងសម្ភារបរិក្ខារវេជ្ជសាស្ត្រជាច្រើនធំៗចេញទៅកាន់ទីតាំងមានសុវត្ថិភាពទាន់ពេលវេលា។
សកម្មភាពសង្គ្រោះបន្ទាន់នេះ ធ្វើឡើងក្រោមការចុះពិនិត្យ និងដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងក្រុមបច្ចេកទេសជំនាញ ដែលបានចុះទៅដល់ទីតាំងផ្ទាល់នៅរសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦។ ទោះបីជាស្ថានភាពទឹកជំនន់បានលុកលុយចូលយ៉ាងឆាប់រហ័ស និងមិនបានរំពឹងទុកមុនក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទ្រព្យសម្បត្តិរដ្ឋ និងឱសថទាំងនោះបានសម្រេចជោគជ័យដោយសុវត្ថិភាព។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជំរុញ និងក្រើនរំលឹកដល់គ្រប់កម្រិតដឹកនាំឱ្យបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដែលបានដាក់ចេញកន្លងមក ទាំងក្នុងដំណាក់កាលមុនជំនន់ កំពុងជំនន់ និងដំណាក់កាលស្តារឡើងវិញក្រោយជំនន់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ព្រោះកម្រិតទឹកអាចនឹងបន្តកើនឡើង និងត្រូវត្រៀមលក្ខណៈជានិច្ចគ្រប់ពេលវេលា។ ជាងនេះទៅទៀត ក៏ត្រូវធានាឱ្យបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសហភាតរៈ រួមទាំងការយកចិត្តទុកដាក់រក្សាទុកឱសថ និងសម្ភារបរិក្ខារទាំងវេជ្ជសាស្ត្រ និងមិនវេជ្ជសាស្ត្រឱ្យបានល្អ ដើម្បីធានាការផ្គត់ផ្គង់បានគ្រប់គ្រាន់ និងទាន់ពេលវេលាដល់គ្រប់មូលដ្ឋានសុខាភិបាលក្នុងសហគមន៍ដែលកំពុងបម្រើសេវាផ្ទាល់ជូនប្រជាពលរដ្ឋ៕
🌐 | FACEBOOK | Karpit🌐 | FACEBOOK | Karpit News🌐 | TIKTOK🌐 | YOUTUBE🌐 | INSTAGRAM🌐 | WEBSITE